ជីវប្រវត្តិសង្ខេបរបស់លោកស្រី គី សំភី នាយិកាសមាគម
១. ការចាប់កំណើត
លោកស្រី
គី សំភី កើតនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៥០ នៅភូមិព្រែកតាដួង
ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដែលមានឪពុកឈ្មោះគី ហេង ម្តាយឈ្មោះ
គឹម លន។ លោកស្រីមានបងប្អូនបង្កើតចំនួន៩នាក់ ស្រី ២នាក់ ដែលលោកស្រីជាកូនពៅ។
២. ប្រវត្តិការសិក្សា
- នៅឆ្នាំ១៩៦៦-១៩៦៨ សិក្សានៅវិទ្យាល័យនូ កន ភ្នំពេញ ទទួលបានសញ្ញាបត្រ មធ្យមសិក្សាបត្រភាគ១
៣. ប្រវត្តិការបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- ១៩៦៨-១៩៦៩ ទទួលការបណ្ដុះបណ្ដាលជាគ្រូបឋមសិក្សា នៅមជ្ឈមណ្ឌលគរុកោសល្យភ្នំពេញ ដោយទទួលបានសញ្ញាបត្រគ្រូបឋមសិក្សា
- ១៩៨២-១៩៨៣ ទទួលការបណ្ដុះបណ្ដាលជាគ្រូមធ្យមសិក្សាកម្រិត១ នៅមជ្ឈមណ្ឌលភូមិភាគខេត្តកណ្ដាល ដោយទទួលបានសញ្ញាបត្រមធ្យមសិក្សាកម្រិត១
- ១៩៩៥-១៩៩៦ ទទួលការបណ្ដុះបណ្ដាលជាអធិការបឋមសិក្សា នៅភ្នំពេញ ដោយទទួលបានសញ្ញាបត្រអធិការបឋមសិក្សា
៤. ប្រវត្តិការងារ
- ១៩៦៩-១៩៧០ គ្រូបឋមសិក្សា សាលាបឋមសិក្សាធម្មវិន័យ ស្រុកព្រៃកប្បាស ខេត្តតាកែវ
- ១៩៧១-១៩៧៥ បុគ្គលិកការិយាល័យឯកសារនៃទីស្ដីការក្រសួងអប់រំជាតិ
- ១៩៧៥-១៩៧៩ ជាទាសករ ប្រៀបបានជាឧបករណ៍ផលិតដែលចេះក្នុងរបបខ្មែរក្រហម
- ១៩៧៩-១៩៨០ គ្រូបឋមសិក្សានិងជានាយិកាសាលាបឋមសិក្សាព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល
- ១៩៨០-១៩៨៤ បុគ្គលិកការិយាល័យអប់រំស្រុកកោះធំ ខេត្តកណ្ដាល ទទួលបន្ទុកមត្តេយ្យសិក្សា
- ១៩៨៤-១៩៨៦ គ្រូមធ្យមសិក្សា កម្រិត១ ទទួលបន្ទុកមត្តេយ្យសិក្សា កុមារឈានមុខ យុវជន និងបង្រៀនសីលធម៌នយោបាយ នៅអនុវិទ្យាល័យព្រែកតាដួង
- ១៩៨៦-១៩៩៥ គ្រូបឋមសិក្សាកម្រិត១ ទទួលបន្ទុកអប់រំមនុស្សចាស់(អប់រំក្រៅប្រព័ន្ធ) បង្រៀនមុខវិជ្ជា សីលធម៌នយោបាយថ្នាក់ទី៩ នៅវិទ្យាល័យស្រុកកោះធំ បង្រៀនសីលធម៌ និងទស្សនវិជ្ជាថ្នាក់ទី៨ដល់ទី១២និងគ្រប់គ្រងសាលាបំពេញវិជ្ជាក្រៅម៉ោងធ្វើការកម្រិសិក្សាទី៣ ខេត្តកណ្ដាល«ឧបសម្ព័ន្ធស្រុកកោះធំ»
- ១៩៩៥-១៩៩៧ ជានិស្សិតអធិការបឋមសិក្សា
- ១៩៩៦-១៩៩៧ ជំនួយការបណ្ដុះបណ្ដាល(ធ្វើការជាមួយកុមារតូចផ្នែកមត្តេយ្យក្នុងប្រព័ន្ធ)សហការក្នុងការបង្កើតឯកសារគរុកោសល្យ ។ ចូលរួមក្នុងការពិនិត្យតាមដានការបង្រៀន និងតាមដានក្នុងកម្មសិក្សារបស់និស្សិតមត្តេយ្យសិក្សា
- ១៩៩៧-១៩៩៩ មន្ត្រីអធិការកិច្ច មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល
- ១៩៩៩-២០២១ ប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមបណ្ដុះកុមារ
- ២០០២-២០១៦ នាយិកាសមាគមគ្រួសារយើង
- ២០១៨-២០២១នាយិកាសមាគមសហគមន៍សុភមង្គល(សូមបញ្ជាក់ថាលោកស្រីបានផ្ទេរសិទ្ធិឱ្យសមាជិកសមាគមនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ នេះជាការរៀបចំទុកជាមុន មុននឹងលាទៅកាន់សុគតិភព)។
៥. ប្រវត្តិសា្នដៃ និងការលើកសរសើរ
- លោកស្រីបានសរសេរសៀវភៅសម្រាប់អប់រំ កុមារ និងបណ្ដុះបណ្ដាលគ្រូជាច្រើន
- លោកស្រី បានផលិតវីដេអូអប់រំ ដែលបានចាក់ផ្សាយតាមទូរទស្សន៍ជាតិ
- លោកស្រីទទួលបាននូវ មេដាយមាស ពីប្រទេសបារាំងតាមរយៈស្ថានទូតបារាំងប្រចាំនៅកម្ពុជា
- លោកស្រីទទួលបាននូវលិខិតសរសើរពីក្រសួងអប់រំយុវជន និងកីឡា និងពីសាលាក្រុងភ្នំពេញ
នៅដើមឆ្នាំ២០១៧
លោកស្រីនាយិកាធ្លាក់ខ្លួនឈឺជាទម្ងន់ដោយសារជំងឺទឹកនោមផ្អែម ថ្លើម
ដោយទទួលបាន
ការព្យាបាលពីគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងប្រទេសថៃ
ដោយយកចិត្តទុកដាក់ពីកូន ក្មួយ ចៅ សាច់ញាតិ
សុខភាពរបស់លោកស្រីនាយិកាបានល្អប្រសើរមួយរយៈ។ នៅដំណាក់កាលកូវីត១៩នេះជាពិសេសចាប់ពីដើមឆ្នាំ២០២១
នេះលោកស្រីនាយិកាធ្លាក់ខ្លួនឈឺជាថ្មីម្ដងទៀត
ដោយសារជំងឺមហារីកបន្ថែមលើជំងឺចាស់ ធ្វើឱ្យលោកស្រីលាចាកកូន ក្មួយ ចៅ
សាច់ញាតិ មិត្តភក្តិ និងក្រុមការងារជារៀងរហូត។
មរណៈភាពរបស់លោកស្រីនាយិកា
គឺជាការបាត់បង់ធនធានដ៏ឆ្នើមមួយរូប។ យើងខ្ញុំទាំងអស់គ្នាតំណាងឱ្យកូន ក្មួយ
ចៅ សាច់ញាតិមានតែពាក្យថា” យើងទាំងអស់គ្នាសោកស្តាយណាស់ សោកស្តាយណាស់
និងសោកស្តាយណាស់” ដែលបាត់បង់មនុស្សដ៏ឆ្នើមរបស់យើង។
យើងខ្ញុំទាំងអស់គ្នាសូមលើកដៃសំពះបន់ស្រន់ ដើម្បីអញ្ជើញវិញ្ញាណក្ខន្ធរបស់លោកស្រី បានទៅកាន់សុគតិភព ជាបរមសុខ ជារៀងរហូត។ ផែនដីនេះ នៅសល់តែក្ដីស្រឡាញ់ ក្ដីស្នេហា ការរាប់អាន ចំពោះលោកស្រី និងអំពើល្អ អំពើកុសល សេចក្ដីថ្លៃថ្នូរ ការតស៊ូ អំណត់ ភាពស្អាតស្អំ ភាពម៉ឺងម៉ាត់ក្នុងការងារ ភក្ដីភាពចំពោះជាតិ និងស្នាដៃដឹកនាំ ការកសាងធនធានមនុស្ស របស់លោកស្រី មិនសាបសូន្យ និងមិនរលត់សូន្យបង់នោះទេ។
យើងទាំងអស់គ្នាជាក្រុមការងាររបស់សមាគមសហគមន៍សុភមង្គល
សូមធ្វើការកាន់ទុក្ខក្នុងចិត្តជារៀងរហូតចំពោះ
ការបាត់បង់ធនធានមនុស្សដ៏កម្ររបស់សមាគមនេះ!
ទីណាមានការិយាល័យសមាគម ទីនោះគឺមានរូបថតរបស់លោកស្រីនាយិកាដែលលោកស្រីនៅតែជានាយិកា
ដ៏ឆ្នើមក្នុងចិត្តយើងខ្ញុំជានិច្ច!
លោកស្រី គី សំភី (ជានាយិកាសមាគមគ្រួសារយើង) ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកំពូលនៅ WISEកាលពីឆ្នាំ២០១២ ក្នុងប្រធានបទ«ការអប់រំកុមារតូច»

