Friday, March 12, 2021

ព្រះរាជាណាចក្រកម្ពុជា ដោយនាមសាមញ្ញ កម្ពុជា (កាំ-ពុ-ជា) ឬ ប្រទេសខ្មែរ គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន

ព្រះរាជាណាចក្រកម្ពុជា ដោយនាមសាមញ្ញ កម្ពុជា (កាំ-ពុ-ជា) ឬ ប្រទេសខ្មែរ គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ក្នុងអនុតំបន់អាស៊ីអាគ្នេយ៍។ កម្ពុជាមានផ្ទៃក្រឡាសរុប ១៨១,០៣៥ សហាតិមាត្រការ៉េ លាតសន្ធឹងក្នុងរាងពហុកោណស្ទើរស្មើជ្រុង មានព្រំប្រទល់ជាប់ប្រទេសថៃនៅភាគខាងលិចនិងពាយ័ព្យ ប្រទេសឡាវនៅភាគឦសាន្ត ប្រទេសវៀតណាមនៅភាគខាងកើត និងឈូងសមុទ្រថៃ​នៅភាគនិរតី។

ដោយមានប្រជាជន​ជាង ១៥ លាននាក់ កម្ពុជាស្ថិតក្នុងលំដាប់ទី៧២​ក្នុង​​លោក ទី២៧ក្នុងទ្វីបអាស៊ី និងទី៧ក្នុងអាស៊ីអាគ្នេយ៍។ ប្រជាជនជិតពាក់កណ្តាលប្រមូលផ្តុំកុះករនៅតំបន់វាលរាប ទំហំប្រហែល ១៤% នៃផ្ទៃសរុប។ សាសនាជាផ្លូវការ គឺ ព្រះពុទ្ធសាសនាថេរវាទ ដែលកាន់ដោយប្រជាជនប្រហែល ៩០%។ ជន​ជាតិ​ភាគ​តិច​ក្នុង​ប្រទេស​នេះ រួមមាន: ជនជាតិវៀតណាម ចិន ចាម និង​កុលសម្ព័ន្ធភ្នំ ៣០ ជនជាតិផ្សេងៗ​ទៀត។ [៦] រាជធានី​ និង ទីក្រុង​ធំ​បំផុតគឺ ​ភ្នំពេញ ដែលជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង ​វប្បធម៌​នៃ​កម្ពុជា។ កម្ពុជាជារដ្ឋឯកភាព ក្រោមរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ​ និងរបបរដ្ឋសភាប្រជាធិបតេយ្យ ដែលមានព្រះបាទនរោត្តម សីហមុនី ជ្រើសតាំងដោយក្រុមប្រឹក្សារាជសម្បត្តិ ជាព្រះមហាក្សត្រ​ និងជាព្រះប្រមុខរដ្ឋ។ ប្រមុខរាជរដ្ឋាភិបាល មានហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាមេដឹកនាំដែលកាន់តំណែងយូរបំផុតនៅ​អាស៊ី​អាគ្នេយ៍​ ដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេលជាង ​៣០ ឆ្នាំមក​ហើយ។ ឯមេដឹកនាំចលនាប្រឆាំងនិងដែលមានប្រជាប្រិយបំផុតក្នុងសង្គមខ្មែរគឺ សម-រង្សុី ដែលធ្លាប់បានជាប់ជាតំណាងរាស្រ្តនៃនីតិកាលទី១ ឆ្នាំ១៩៩៣ មក។
ឈ្មោះ​បុរាណ​របស់​កម្ពុជា​គឺ "កម្ពុជៈ" (សំស្ក្រឹត: कंबुज)។[៧] នៅ​ឆ្នាំ​ ៨០២ ​នៃ ​គ.ស. ព្រះ​បាទ​ជ័យវរ្ម័នទី២​បាន​ប្រកាស​ព្រះ​អង្គ​ឯង​ជា​ព្រះ​មហាក្សត្រ ដែលយើងអាចសម្គាល់ឃើញនូវ​ការ​ចាប់កំណើត​នៃ​មហារាជាណាចក្រ​ខ្មែរ ដ៏រុងរឿង​អស់​រយៈពេល​ជាង​ ៦០០​ ប្លាយឆ្នាំ ហើយ​ព្រះ​មហាក្សត្រ​សោយ​រាជ្យ​បន្ត​បន្ទាប់ពីទ្រង់នោះ បានបន្ត​ត្រួតត្រាមួយ​ភាគធំ​នៃ​អាស៊ី​អាគ្នេយ៍ និង​​ប្រមូលផ្ដុំ​អំណាច ព្រម​ទាំង​ភោគ​ទ្រព្យ​​ច្រើន​លើស​លប់ជាងគេ។ ព្រះ​រាជាណាចក្រឥណ្ឌូបនីយកម្ម​មួយនេះ​បាន​កសាង​ប្រាសាទ​បូជនីយដ្ឋាន​នានា ដូចជា​អង្គរវត្ត និង​បាន​សម្រួល​ដល់​ការ​ផ្សព្វផ្សាយ​សាសនាព្រហ្មញ្ញ​ ហើយនិងព្រះពុទ្ធសាសនា​នៅ​អាស៊ី​អាគ្នេយ៍​មួយភាគធំ។ បន្ទាប់​ពី​ការ​ធ្លាក់សម័យ​អង្គរ​ទៅកណ្ដាប់ដៃនៃអយុធ្យា​នៅ​សតវត្ស​ទី​១៥មក កម្ពុជា​បាន​ប្រែ​ក្លាយ​ជា​ប្រទេស​ចំណុះ​មួយ​នៅ​ចន្លោះ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​រហូត​ដល់​ប្រទេស​ត្រូវ​បាន​ធ្វើ​អាណានិគមកិច្ច​ដោយ​ពួក​បារាំង​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១៩។ កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មក​វិញ​នៅ​ឆ្នាំ ១៩៥៣។



0 commentaires:

Post a Comment